ឧកញ៉ា ឈ្មោះ ជា ពាក់ផ្កាយ២ មានអំណាច កំពុងល្បីល្បាញខាងដឹកជញ្ជូនឈើប្រណីតទៅស្រុកយួន តាមច្រកដាក់ដាំ គ្មានអ្នកណាហ៊ានបង្ក្រាប

, , Comment closed

ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើប្រណីតដូចជា ធ្នង់ បេង នាងនួន ទៅកាន់ប្រទេសវៀតណាម តាមច្រកដាក់ដាំ មានភាពគគ្រឹកគគ្រេងជារៀងរាល់យប់ប៉ុន្តែសមត្ថកិច្ចនៅទីនោះមិនដែលហ៊ាន ធ្វើការបង្ក្រាបទេ ព្រោះឈ្មួញឈើជាឧកញ៉ា ឈ្មោះ ជា ពាក់ផ្កាយ២ មានអំណាច ចង់ដកមន្ត្រីប៉ូលិសណា គ្រវែងចោលក៏បានដែរ ឲ្យតែហ៊ានប៉ះពាល់ មុខជំនួញឈើរបស់គេ អ៊ីចឹងហើយ ទើបសមត្ថកិច្ចទាំងនោះនាំគ្នាទ្រាំអង្គុយចាំទទួលសំណែនច្រកហោប៉ៅរៀងៗ ខ្លួនទៅ ។
ប្រភពបានអោយដឹងថា លោកឧកញ៉ា ពាក់ផ្កាយគឺជាអ្នកប៉ាវផ្តាច់ក្នុងការនាំចេញ ឈើប្រណីតខុសច្បាប់ បានប្រើប្រាស់កូនចៅ ឈ្មោះក្របី ដឹកនាំជញ្ជូនឈើចេញពីចំណុច ពូជ្រៃ ពូត្រុំ និងអូរាំង ដឹកចេញទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដែលមានមេការប្រមូលទិញឈើ និងចាំរត់ការសម្របសម្រួល បង់លុយថ្លៃក្បាលឡាន ឲ្យសមត្ថកិច្ច ជាច្រើនស្ថាប័ន រួមនិងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។ចំពោះមធ្យោបាយ ដឹកជញ្ជូនឈើប្រណីត ជាប្រភេទរថយន្ត ឡង់គ្រីស័រស៊េរី 95 និង96 ឡានបាឡែន ហាយលិនឌរ័ ដោយពាក់លេខសំគាល់០០៧ ទៀតផង។ដឹកចេញទៅកាន់ប្រទេស វៀត ណាម តាមច្រកដាក់ដាំ ដើម្បីយកទៅលក់ឲ្យឈ្មួញធំៗ គ្មានសមត្ថកិច្ចឬជំនាញណាហ៊ានបង្ក្រាបទេហើយក្នុង មួយយប់ៗមិនតិចជាង៣០ទៅ៤០ឡានឡើយ។
ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយមាន​ការបើក​ដៃ​ពី​លោក យ៉ូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ទើប​ឈ្មួញ​ធំៗ​អាច ​បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​។
សមត្ថកិច្ច​តូចតាច​ នៅ​ច្រក​ដាក់​ដាំ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈើ​ប្រណីត ​ដូចជា ​ធ្នង់ បេង នាងនួន ត្រូវ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឆ្លងកាត់​ច្រក​ដាក់​ដាំ ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​នរណា​ហ៊ាន​ទប់ស្កាត់​ឡើយ​។ ឧកញ៉ា​ពាក់​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ជា ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ដូច្នេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ គឺ​បានត្រឹមតែ​ជួយ​សម្របសម្រួល​ដើម្បី​ផលប្រយោជន៍​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​ឧកញ៉ា​ពាក់​ផ្កាយ​២​រូបនោះ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕