ប្តឹងម្តង កុំអោយរពឹសដៃ រពឹសមាត់ពេក ! សមាជិកគណះមេធាវី ដាក់ពាក្យប្តឹង លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ ចោទប្រកាន់ថា បង្ហោះសារលើ Facebook ប្រមាថគណៈមេធាវី

, , Comment closed

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃទី០៤សីហា ឆ្នាំ២០១៧ នេះ មេធាវីម្នាក់ឈ្មោះ លី ច័ន្ទតុលា បានដាក់ពាក្យប្តឹង លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ ដោយចោទថា បានសរសេរលើ Facebook ប្រើប្រាស់ពាក្យពេចន៍មួយចំនួន ប្រមាថមេធាវី ថា ជាសត្វគោ ដែលរូបលោកមិនអាចទទួលយកបានឡើយ។

 

ប្រភពបានអោយដឹងថា ការប្រតិកម្មឈានដល់ការដាក់ពាក្យប្តឹងនេះ ត្រូវបានគេដឹងថា កើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវីកម្ពុជា បានបើក សិក្ខាសាលារួមគ្នាមួយ ស្តីពី​ «កាតព្វកិច្ច​បង់​ពន្ធ​របស់​មេធាវី» នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ដោយភាគីទាំងពីរពិភាក្សាដេញដោលគ្នាយ៉ាងតឹងតែងមួយ។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាគ្នានេះ លោក វ៉ាន់ ពុទ្ធិពល នៅយប់ថ្ងៃដដែលនោះ បានបង្ហោះនូវលើ Facebook របស់លោកដោយសរសេរថា «ថ្ងៃ​នេះ​ថ្នាក់​លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល ​គោ​បញ្ជូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់​មត់​។​ គោ​មួយ​ចំនួន​ធំ​ បាន​ចូល​ក្រោល​ត្រឹមត្រូវ​ វៀរ​លែង​តែ​ អា​ពាល​ អា​ត្នោត​ និង​ អា​ទែក​ វា​ធ្លាប់​តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រៅ​ ដើរ​ជាន់​ដំណាំ​ ស៊ី​ដំណាំ​អ្នក​ស្រុក​ កៀច​មិន​ព្រម​ចូល​ក្រោល​។​មិន​ត្រឹម​តែ​កៀច​វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​សុំ​សួរ​ប្រិយមិត្ត​ តើ​អា​៣ក្បាល​ហ្នឹង​ សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង​ ហើយ​សំពង​នឹង​ទំពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​ ?​ សើច​ !​»។

 

ពាក្យពេចន៍របស់លោក វ៉ាន់ ពុទ្ធិពល សរសេរលើ Facebook យ៉ាងដូច្នេះបានធ្វើឲ្យគណៈមេធាវីប្រតិកម្ម និងបានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី០៤ ខែសីហានេះ ដោយកោះប្រជុំគណៈមេធាវីជាបន្ទាន់មួយដើម្បីពិភាក្សាលើរបៀបវារៈចំនួន២ គឺទី១៖ ពិនិត្យ និងពិភាក្សាលើបញ្ហានៃការបង់ពន្ធរបស់មេធាវី និងទីពិនិត្យ និងពិភាក្សា លើការវាយប្រហារលើមេធាវីរបស់លោកវ៉ាន់ ពុទ្ធិពល តំណាងអគ្គនាយកដ្ឋានពន្ធដារ។

 

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ មិនអាចទាក់ទងសុំ ការពន្យល់ពី លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ បាននៅឡើយទេ៕