ឧកញ៉ា សឹង សំអុល ធ្លាប់ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំចាត់វិធានការ លេចមុខដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង

, , Comment closed

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍ប្រាប់ថា នៅយប់ថ្ងៃទី២៤សីហា រថយន្តយីឌុបខ្នាតយក្ស ដឹកឈើសុក្រំដែលគេដឹងថាជារបស់ឧកញ៉ា សឹង សំអុល បានធ្វើសកម្មភាពដឹកជញ្ជូនចេញពីទឹក ដីខេត្តមណ្ឌលគីរី ចរាចរណ៍មកតាមច្រកផ្លូវលំ ច្រកសំពោចភ្នំព្រិច នាំចូលទៅកាន់ឃ្លាំងស្តុកឈើ មួយកន្លែងនៅចំណុចត្រពាំងស្រែឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។

ប្រភពពីសមត្ថកិច្ច នៅក្នុងស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា ឧកញ៉ា សឹង សំអុល មានអាជ្ញាប័ណ្ណក្នុងការដឹកជញ្ជូនឈើចេញពីទឹកដីខេត្តមណ្ឌលគិរី ចូលទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក៏ប៉ុន្តែរថយន្តដឹកឈើភាគច្រើន បែរជាបត់ចូលយកទៅស្តុកទុកក្នុងឃ្លាំង ក្បែរច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។ ចំណែកឈើមួយចំនួនទៀតត្រូវបានគេដឹកចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានត្រួតពិនិត្យនោះទេ ដោយគេអះអាងថាឧកញ៉ា សឹង សំអុល មានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការដឹកជញ្ជូនឈើ។ បច្ចុប្បន្ននេះឧកញ៉ា សឹង សំអុល បានប្រើប្រាស់មេការម្នាក់ឈ្មោះ ខុន ក្នុងការសម្របសម្រួលដឹកជញ្ជូនឈើចូលមកស្រុកស្វាយអន្ទរខេត្តព្រៃវែង ប៉ុន្តែរថយន្តដឹកឈើភាគច្រើន មិនបានមកដល់គោលដៅនោះទេ។ គឺប្រើប្រាស់អាជ្ញាប័ណ្ណដឹកជញ្ជូនឈើ ពីទឹកដីខេត្តមណ្ឌលគិរី ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប៉ុន្តែឈ្មួញរូបនោះមិនដឹកឈើទៅតាមគោលដៅដែលកំណត់ក្នុងអាជ្ញាប័ណ្ណទេបែរជាដឹកចូលទៅស្រុកយួនទៅវិញ។

​ឧកញ៉ា សឹង សំអុល ដែល​ល្បីល្បាញ​ខាង​រកស៊ីជួញឈើ ​និង​ដឹកជញ្ជូន​ឈើខុសច្បាប់ ចេញទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ ថែមទាំង​ធ្លាប់​ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​តាមច្បាប់​ទៀតផង​។ ប៉ុន្តែរហូតមកដល់ពេលនេះ ជាពិសេសចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៧ រហូតមកគឺឧកញ៉ា សឹង សំអុល បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ក្នុងនោះឧកញ៉ា សឹង សំអុល បានប្រើប្រាស់អាជ្ញាប័ណ្ណ ក្នុងការដឹកជញ្ជូនឈើចូលមក ស្រុកស្វាយអន្ទរខេត្តព្រៃវែង ផ្ទុយទៅវិញដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកព្រំដែនស្រុកស្នួលខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដែលមានមានមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ ស្រ៊ុន ផឹងឡាយ គឺជាអ្នកមើលការខុសត្រូវ ក្នុងការដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកព្រំដែន និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕