បែកធ្លាយលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ប្រព្រឹតអំពើពុករលួយ ថ្នាក់លើមើលផង

, , Comment closed

ខេត្តកំពង់ធំ ៖ មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និ​ហិរញ្ញវត្ថុ ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ ជាបន្ទាន់ ​ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

ដោយហេតុថា តាំងពី​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ អំឡុង​ឆ្នាំ​២០០៩​ រហូតដល់​បច្ចុប្បន្ន គឺ​លោក សុខ សុផល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ឃុបឃិត​គ្នា ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ តាម​គ្រប់​រូបភាព​ ដោយ​គ្មាន​ញ​ញើ​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​គឺ​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល ក៏ត្រូវ​បាន​ដឹងឮ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ផងដែរ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល រហូតដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ កោះហៅ​ទៅ​សាកសួរ​១០​ចំណុច​នោះ គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​មើលរំលង​នោះទេ ព្រោះ​វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ គឺជា​ប្រការ​សំខាន់បំផុត ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​។ ករណី​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុករលួយ​កាត់​ភាគរយ​ពី​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា ​ពី​២​ទៅ​១០​ភាគរយ គឺជា​រឿង ​ដែល​មិនអាច​អត់ឱន​បានឡើយ ហើយ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ស៊ើបអង្កេត ​ឲ្យ​បាន​ច្បាស់​ថែមទៀត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក សុខ សុផល និង​ បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល ហើយ​ថែមទាំង​ប្រើ​អំណាច​គំរាមកំហែង​លើ​មន្ត្រី​ក្នុង​មន្ទីរ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

 

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បញ្ជីចំណូល​ចំណាយ​សម្រាប់​មន្ទីរ​ អាច​មាន​ភាពមិនប្រក្រតី​ច្រើន​ឆ្នាំ​កន្លងមកហើយ ព្រោះ​លោក សុខ សុផល និង​បក្ខពួក​មួយចំនួន​រៀបចំ​ ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ចែកគ្នា ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

 

ប្រភព​ខ្លះ ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សុខ សុផល អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាពិសេស​ការ​ កាត់​ភាគរយ​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា ក៏ដូចជា​កេងប្រវ័ញ្ច​ទៅលើ​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​លទ្ធកម្ម ​តាម​ល្បិច កលរបស់ខ្លួន​។ ដូច្នេះសូម​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​លើ​លោក សុខ សុផល ឲ្យ​បាន​ឆាប់​ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​ដទៃទៀត​ផងដែរ​៕

 

ពាក់ពន្ឋ័ករណីខាងលើ មិនអាចសុំការបំភ្លឺ ពីលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ  នៅឡើយទេ៕