លោក ឡឹង សុភាព ប្រធានគយកំពង់ផែទំនប់រលក បើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធចូលរាល់ថ្ងៃ ជាថ្នូរលាបាតដៃទទួលប្រាក់

, , Comment closed

ខេត្តព្រះសីហនុ ៖ ប្រភពប្រាប់ថា លោក ឡឹង សុភាព ប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ផែទំនប់រលក ខេត្តព្រះសីហនុ បានរងនូវការរិះគន់ក្នុងការបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធខុសច្បាប់ចូលមកកម្ពុជា។ ទំនិញគេចពន្ធ ដែលនាំចូលមានដូចជា សម្ភារៈប្រើប្រាស់នៅក្នុងការិយាល័យ ម៉ូតូសេរីទំនើបៗ សំភារៈសំណង់ភេសជ្ជៈកំប៉ុងឬស្រាបៀដបគ្រឿង សំអាងគ្រប់ប្រភេទ គ្រឿងអេឡិចត្រូនិច និងទូរស័ព្ទដៃសេរីទំនើបៗជាដើម ។ទំនិញទាំងនោះគេសង្ស័យថា បានបន្តនាំចូលតាមកំពង់ផែទំនប់រលក ឬ ផែលោក សូ ជុងហ៊ួរ។

មន្ត្រីគយផ្ទៃក្នុងបានបង្ហើបអោយដឹងថា មន្ត្រីការិយាល័យគយ និងរដ្ឋាករប្រចាំការនៅកំពង់ផែទំនប់រលក ឃុបឃិតគ្នាជាមួយឈ្មួញ ហើយអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញ ចូលតាមច្រកកំពង់ផែនេះ ដោយគ្មានការត្រួតពិនិត្យទំនិញឲ្យបានត្រឹមត្រូវនោះទេ ក៍ព្រោះតែក្រុមឈ្មួញ យកលុយញ៉ុកមាត់លោក ឡឹង សុភាព ប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ផែទំនប់រលក ខេត្តព្រះសីហនុ ទើបអាចក្រុមឈ្មួញដឹកជញ្ជូនបានរលូន។ គឺបណ្តោយអោយមានទំនិញគេចពន្ធ នាំចូលរាល់ថ្ងៃ-យប់។ ហើយទំនិញគេចពន្ធទាំងនោះក៏មានបុគ្គល មានតួនាទីថ្នាក់ដឹកនាំ នៅតាមស្ថាប័នកងកម្លាំងប្រដាប់អាវុធខ្លះនាខេត្តព្រះសីហនុ បានឃុបឃិតជាមួយឈ្មួញដែរ ជាអំពើពុករលួយ រួមគ្នាជាសង្វាក់។

ប្រភពបានបន្តថា ឈ្មួញធំៗនិងលោក ឡឹង សុភាព ប្រធានការិយាល័យគយ និងរដ្ឋាករផែទំនប់រលក តែងតែបានឃុបឃិតគ្នាក្នុងរឿងនេះ ទើបរថយន្តដឹកទំនិញមួយចំនួន ដែលដឹកនាំទំនិញចេញតាមច្រកផែទំនប់រលកគ្មានការត្រួតពិនិត្យត្រឹមត្រូវនោះឡើយ។

មន្ត្រីគយច្រកកំពង់ផែទំនប់រលកមួយចំនួន បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលករណីនេះផង៕